ហើយការស្បថរបស់ពួកគេដែលពួកគេបានស្បថនឹងអល់ឡោះនោះ មិនមែនក្នុងចេតនាល្អ និងបំណងត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាគឺជាការក្រអឺតក្រទមនៅលើផែនដី និងបោកប្រាស់អ្នកដទៃប៉ុណ្ណោះ។ ហើយល្បិចកលដ៏អាក្រក់នោះ វាមិនធ្លាក់លើអ្នកណាផ្សេងក្រៅពីពួកដែលប្រើល្បិចកលអាក្រក់ខ្លួនឯងនោះឡើយ។ ដូច្នេះ តើពួកដែលក្រអឺតក្រទមដែលពោរពេញដោយឧបាយកលទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីមាគ៌ារបស់អល់ឡោះដែលបានកំណត់រួចទេឬ នោះគឺការបំផ្លាញពួកគេដូចដែលទ្រង់បានបំផ្លាញពួកជំនាន់មុនពួកគេដែលប្រព្រឹត្តទង្វើដូចពួកគេនោះ? ជាការពិតណាស់ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនបានឃើញមាគ៌ារបស់អល់ឡោះចំពោះការបំផ្លាញពួកដែលក្រអឺតក្រទមនោះត្រូវបានផ្លាស់ប្តូរ ដោយវាមិនកើតឡើងចំពោះពួកគេនោះឡើយ ហើយក៏មិនបង្វែរការបំផ្លាញនោះទៅកាន់អ្នកផ្សេងក្រៅពីពួកគេនោះដែរ ព្រោះវាជាមាគ៌ារបស់ព្រះជាម្ចាស់ដែលត្រូវបានកំណត់រួច។