ហើយប្រសិនបើអល់ឡោះទ្រង់ប្រញាប់ដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែអំពើល្មើសដែលពួកគេបានសាង និងបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ប្រាកដជាទ្រង់នឹងបំផ្លាញអ្នកដែលនៅលើផែនដី ហើយនិងអ្វីដែលពួកគេគ្រប់គ្រង ដូចជាសត្វធាតុនិងទ្រព្យសម្បត្តិទាំងអស់ក្នុងពេលនេះជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារឲ្យពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់ ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង នោះគឺថ្ងៃបរលោក។ ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ហើយនោះ ពិតប្រាកដណាស់នៅពេលនោះ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងបានផលល្អ តែប្រសិនបើជាទង្វើអាក្រក់ នោះនឹងបានផលអាក្រក់។