នៅពេលដែលព្យាការីអ៊ីស្មាអែលធំពេញវ័យ ហើយអាចរត់តាមឪពុករបស់គេទាន់ហើយនោះ ឪពុករបស់គេ គឺព្យាការីអ៊ីព្រហ៊ីម បានយល់សុបិន្តមួយ ហើយការយល់សុបិន្តរបស់បណ្តាព្យាការីទាំងឡាយ គឺជាវ៉ាហ៊ី(សារពីអល់ឡោះ)។ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយប្រាប់កូនរបស់គាត់ពីខ្លឹមសារនៃសុបិន្តនោះថាៈ ឱកូនសម្លាញ់! ជាការពិតណាស់ ឪពុកបានឃើញក្នុងសុបិន្តថា ពុកពិតជាត្រូវសម្លេះកូន។ ដូច្នេះ សូមកូនគិតមើលមើល៍ តើកូនយល់យ៉ាងណាដែរចំពោះរឿងនេះ? ពេលនោះ ព្យាការីអ៊ីស្មាអែលក៏បានតបទៅកាន់ឪពុករបស់ខ្លួនវិញថាៈ ឱលោកឪពុករបស់ខ្ញុំជាទីស្រឡាញ់របស់កូន! សូមលោកឪពុកធ្វើចុះទៅតាមបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើពុកឲ្យសម្លេះកូននោះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកពិតជានឹងបានឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ និងជាអ្នកដែលពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាមិនខាន។