Khmer Abridged Explanation of the Quran
39:3 - 39:3

តើពុំមែនទេឬ សាសនាដែលបរិសុទ្ធចាកផុតពីអំពើស្ហ៊ីរិក(សាសនាឥស្លាម)នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពួកដែលយករូបបដិមានិងស្ហៃតនទាំងឡាយធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ដោយគោរពសក្ការៈទៅចំពោះពួកវាផ្សេងពីអល់ឡោះនោះ ពួកគេបាននិយាយយកលេសចំពោះការគោរពសក្ការៈទៅកាន់ព្រះទាំងនោះថាៈ ពួកយើងមិនបានគោរពសក្ការៈទៅចំពោះព្រះទាំងនោះឡើយ លើកលែងតែដើម្បីឲ្យពួកវាបញ្ជិតខ្លួនពួកយើងឲ្យមានឋានៈនៅជិតអល់ឡោះ ហើយលើកយកនូវតម្រូវការរបស់ពួកយើងទៅកាន់ទ្រង់ ព្រមទាំងជួយអន្តរាគមន៍ដល់ពួកយើងចំពោះទ្រង់តែប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកមានជំនឿដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងរវាងពួកប្រឆាំងដែលប្រព្រឹត្តអំពើស្ហ៊ីរិក(ពហុទេពនិយម)នៅថ្ងៃបរលោក ចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនប្រទាននូវការចង្អុលបង្ហាញទៅកាន់ការពិតចំពោះជនណាដែលកុហកបោកប្រាស់ទៅលើអល់ឡោះដោយចោទថាទ្រង់មានដៃគូ និងរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់គេនោះឡើយ។