អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ នូវគម្ពីរគួរអានដែលជាបន្ទូលដ៏ល្អប្រពៃជាទីបំផុត។ ទ្រង់បានបញ្ចុះវាដោយមានលក្ខណៈស្រដៀងគ្នាចំពោះភាពសច្ច ភាពល្អប្រពៃ ភាពស៊ីគ្នា(ស្របគ្នា) និងមិនមានភាពផ្ទុយគ្នានោះឡើយ ដោយនៅក្នុងគម្ពីរគួរអាននោះ មាននិយាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងៗ ក្បួនច្បាប់នានា ការសន្យា(ឋានសួគ៌សម្រាប់អ្នកមានជំនឿ) និងការព្រមាន(ដាក់ទណ្ឌកម្មចំពោះពួកប្រឆាំង) លក្ខណៈសម្បត្តិរបស់អ្នកដែលស្ថិតនៅលើការពិត លក្ខណៈសម្បត្តិរបស់ពួកដែលស្ថិតនៅលើភាពខុសឆ្គង និងរឿងរ៉ាវផ្សេងៗទៀត។ ស្បែករបស់បណ្តាអ្នកដែលខ្លាចម្ចាស់របស់ពួកគេ ព្រឺញាប់ញ័រនៅពេលដែលពួកគេបានឮវាក្យខណ្ឌដែលដែលលើកឡើងពីការព្រមានដាក់ទណ្ឌកម្ម និងការគម្រាមដែលមានក្នុងវា(គម្ពីរគួរអាន)នោះ។ បន្ទាប់មក ស្បែករបស់ពួកគេ និងចិត្តរបស់ពួកគេមានភាពទន់ភ្លន់ទៅកាន់ការរំលឹករបស់អល់ឡោះនៅពេលដែលពួកគេបានឮវាក្យខណ្ឌដែលលើកឡើងពីក្តីសង្ឃឹម និងដំណឹងរីករាយ។ អ្វីដែលបានលើកឡើងខាងលើទាក់ទងនឹងគម្ពីរគួរអាន ហើយនិងឥទ្ធិពលរបស់វានោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះដែលទ្រង់ចង្អុលបង្ហាញនឹងវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាហើយដែលអល់ឡោះបានធ្វើឲ្យគេវង្វេងដោយទ្រង់មិនផ្តល់ការចង្អុលបង្ហាញដល់រូបគេទេនោះ ពិតណាស់ គឺរូបគេគ្មានអ្នកដែលចង្អុលបង្ហាញរូបគេ(ទៅកាន់ការពិត)នោះឡើយ។