ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិទាំងឡាយរបស់ពួកគេ ប៉ុន្តែពួកគេបែរជាបដិសេធ(មិនជឿ)ចំពោះអ្នកនាំសារទាំងនោះ ហើយថែមទាំងបានធ្វើទុក្ខបុកម្នេញចំពោះពួកគេថែមទៀត។ តែពួកគេ(បណ្តាអ្នកនាំសារ)បានអត់ធ្មត់លើការបដិសេធ និងការធ្វើទុកបុកម្នេញពីសំណាក់ប្រជាជាតិរបស់ពួកគេ។ ក្នុងចំណោមបណ្តាអ្នកនាំសារទាំងនោះ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នកនូវរឿងរ៉ាវរបស់ពួកគេ ហើយមួយចំនួនទៀតនៃពួកគេ យើងមិនបាននិទានប្រាប់អ្នកពីរឿងរ៉ាវរបស់ពួកគេនោះទេ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំយកនូវភស្តុតាងណាមួយអំពីម្ចាស់របស់គេទៅកាន់ក្រុមរបស់គេឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ការស្នើសុំរបស់ពួកប្រឆាំងដោយចង់ឲ្យអ្នកនាំសារនាំយកនូវភស្តុតាងណាមួយ(ពីអល់ឡោះ)បង្ហាញដល់ប្រជាជាតិរបស់ពួកគេនោះ គឺជាការបំពាន។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបានមកដល់ តាមរយៈការទទួលបានជ័យជម្នះលើពួកគេ(ពួកបំពាន) ឬក៏ការកាត់សេចក្តីរវាងបណ្តាអ្នកនាំសារនិងក្រុមរបស់ពួកគេនោះ ទ្រង់នឹងកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌បំផុត ដោយទ្រង់នឹងបំផ្លាញពួកប្រឆាំង ហើយសង្គ្រោះបណ្តាអ្នកនាំសារទាំងឡាយ។ ហើយ(នៅកន្លែងដែលគេកាត់សេចក្តីរវាងខ្ញុំបម្រើទាំងអស់នោះ) ពួកដែលប្រព្រឹត្តខុសនឹងត្រូវទទួលការខាតបង់ខ្លួនឯង ដោយពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ។