ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានជាភាសាអារ៉ាប់ ដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងភូមិឋានអារ៉ាប់ទាំងឡាយដែលនៅជុំវិញនោះ ហើយនិងសម្រាប់មនុស្សលោកទាំងអស់ផងដែរ។ ហើយចូរអ្នកបន្លាចមនុស្សលោកឲ្យពួកគេខ្លាចថ្ងៃបរលោក គឺថ្ងៃដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយទាំងអស់នៅទីកន្លែងតែមួយដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង។ ថ្ងៃនោះនឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ ហើយមនុស្សលោកនៅថ្ងៃនោះ ត្រូវបានបែងចែកទៅជាពីរក្រុមគឺ ៖ មួយក្រុមនៅក្នុងឋានសួគ៌ ដែលពួកគេ គឺជាបណ្តាអ្នកដែលមានជំនឿ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរក ដែលពួកគេ គឺជាពួកគ្មានជំនឿ។