Khmer Abridged Explanation of the Quran
46:21 - 46:21

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពី(រឿងរ៉ាវរបស់)ព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកសាសន៍អាទ នៅពេលដែលគាត់បានព្រមានក្រុមរបស់គាត់អំពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងធ្លាក់ទៅលើពួកគេ ខណៈដែលពួកគេស្ថិតនៅឯលំនៅដ្ឋានរបស់ពួកគេដែលនៅឯតំបន់ “អះក៏ហ្វ” ដែលស្ថិតនៅប៉ែកខាងត្បូងនៃឧបទ្វីបអារ៉ាប់។ ហើយពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានកន្លងផុតទៅដែលបានដាស់តឿនព្រមានដល់ក្រុមរបស់ពួកគេមុនព្យាការីហ៊ូទ ហើយនិងបន្ទាប់ពីគាត់(ក៏មានច្រើនដែរ) ដោយពួកគេ(អ្នកនាំសារទាំងនោះ)បាននិយាយទៅកាន់ក្រុមរបស់ខ្លួនថាៈ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះអ្នកផ្សេងឲ្យសោះ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ) ត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក។