ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានជួបប្រទះនឹងពួកគ្មានជំនឿដែលប្រយុទ្ធជាមួយនឹងពួកអ្នក(នៅក្នុងសមរភូមិ)នោះ ចូរពួកអ្នកកាប់កញ្ចឹងករបស់ពួកគេនឹងផ្លែដាវរបស់ពួកអ្នក ហើយចូរបន្តការប្រយុទ្ធនឹងពួកគេ រហូតដល់ពួកអ្នកសម្លាប់ពួកគេបានច្រើន។ ហើយបើកាលណាពួកអ្នកសម្លាប់ពួកគេបានច្រើនហើយនោះ ចូរពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹក។ បើកាលណាពួកអ្នកចាប់ពួកគេជាឈ្លើយសឹកហើយនោះ សម្រាប់ពួកអ្នក គឺមានជម្រើស អាស្រ័យទៅតាមផលប្រយោជន៍ដែលពួកអ្នកអាចទទួលបានមកវិញ ដោយ(ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មានសំណង ឬឲ្យពួកគេលោះយកឈ្លើយសឹករបស់ពួកគេវិញដោយទ្រព្យសម្បត្តិ ឬអ្វីមួយផ្សេង។ ហើយចូរពួកអ្នកបន្តការប្រយុទ្ធ និងចាប់ពួកគេជាឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់ ដោយពួកគ្មានជំនឿព្រមប្រគល់ខ្លួន(ចូលឥស្លាម) ឬបានចុះកិច្ចព្រមព្រៀង(បញ្ចប់សង្គ្រាម)។ ការសាកល្បងអ្នកមានជំនឿដោយឲ្យប្រយុទ្ធនឹងពួកគ្មានជំនឿ និងការយកជ័យជម្នះលើគ្នាទៅវិញទៅមកដែលបានលើកឡើងខាងលើនោះ វាគឺជាការកំណត់របស់អល់ឡោះ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាចង់ឲ្យអ្នកមានជំនឿយកជ័យជម្នះទៅលើពួកគ្មានជំនឿដោយមិនចាំបាច់ប្រយុទ្ធគ្នានោះ ទ្រង់ពិតជាអាចធ្វើឲ្យពួកគេទទួលជ័យជម្នះបាន ក៏ប៉ុន្តែទ្រង់បានបង្គាប់ប្រើឲ្យធ្វើសង្គ្រាមនោះ គឺដើម្បីទ្រង់សាកល្បងពួកអ្នកទៅវិញទៅមក ដោយទ្រង់ចង់សាកល្បងថា តើអ្នកមានជំនឿរូបណាដែលហ៊ានប្រយុទ្ធ ហើយតើអ្នកណាដែលមិនហ៊ានប្រយុទ្ធ ហើយសាកល្បងពួកគ្មានជំនឿជាមួយនឹងអ្នកមានជំនឿ។ ដូច្នេះ ប្រសិនបើអ្នកមានជំនឿរូបណាត្រូវបានគេសម្លាប់(ក្នុងសមរភូមិ)នោះ គេនឹងបានចូលឋានសួគ៌ ហើយប្រសិនបើអ្នកមានជំនឿបានសម្លាប់អ្នកដែលគ្មានជំនឿនោះ គឺគេ(អ្នកដែលគ្មានជំនឿ)នឹងបានចូលឋាននរក។ ហើយបណ្តាអ្នកមានជំនឿដែលត្រូវបានគេសម្លាប់នៅក្នុងមាគ៌ារបស់អល់ឡោះនោះ អល់ឡោះជាម្ចាស់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។