ពិតប្រាកដណាស់ បណ្តាអ្នកដែលបានធ្វើសច្ចាប្រណិធានជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវសច្ចាប្រណិធាន “ពៃអះអាល់រិទវ៉ាន” លើការប្រយុទ្ធជាមួយនឹងពួកមុស្ហរីគីននៃទីក្រុងម៉ាក្កះនោះ តាមពិតពួកគេបានធ្វើសច្ចាប្រណិធានជាមួយនឹងអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់ជាអ្នកដែលបង្គាប់ប្រើពួកគេឲ្យប្រយុទ្ធនឹងពួកមុស្ហរីគីន ហើយទ្រង់ជាអ្នកដែលតបស្នងដល់ពួកគេ។ ដៃរបស់អល់ឡោះនៅពីលើដៃរបស់ពួកគេនៅពេល(ពួកគេ)ធ្វើសច្ចាប្រណិធាននោះ ហើយទ្រង់ជាអ្នកដែលឃើញបំផុតចំពោះពួកគេដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ជនណាហើយដែលបានក្បត់ចំពោះការសច្ចាប្រណិធានរបស់គេ និងមិនបានបំពេញនូវការសន្យារបស់ពួកគេដែលបានសន្យានឹងអល់ឡោះលើការជួយសាសនារបស់ទ្រង់ទេនោះ តាមពិត គ្រោះថ្នាក់នៃការក្បត់ចំពោះការសច្ចាប្រណិធាន និងការក្បត់កិច្ចសន្យារបស់គេនោះ គឺវិលត្រឡប់ទៅរកគេវិញប៉ុណ្ណោះ ពីព្រោះរឿងនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ។ ហើយជនណាដែលបានបំពេញតាមអ្វីដែលគេបានសន្យានឹងអល់ឡោះលើការជួយសាសនារបស់ទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រទានឲ្យគេនូវការតបស្នងដ៏ធំធេង នោះគឺឋានសួគ៌។