ពួកដែលត្រូវគេទៅចោល(មិនបានរួមដំណើរជាមួយអ្នកនាំសារ)នោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅកាន់ទ្រព្យជ័យភណ្ឌដែលទទួលបានពីសមរភូមិខ័យពើរដើម្បីយកវា ដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកអ្នកក្រោយពីកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះនោះ ពួកគេនឹងនិយាយថាៈ សូមទុកឲ្យពួកយើងចេញ(ដំណើរ)ទៅជាមួយពួកអ្នកផងដើម្បីទទួលបានចំណែកខ្លះអំពីជ័យភណ្ឌនោះ។ ការដែលពួកដែលគេទៅចោលទាំងនោះស្នើសុំបែបនេះ គឺពួកគេចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះដែលទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿបន្ទាប់ពីកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះ ដែលថាទ្រង់នឹងប្រទានជ័យភណ្ឌដែលបានមកពីសមរភូមិខ័យពើរនោះឲ្យទៅអ្នកមានជំនឿ(ដែលបានរួមដំណើរជាមួយអ្នកនាំសារ)តែមួយគត់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ពួកអ្នកមិនអាចទៅទទួលទ្រព្យជ័យភណ្ឌនោះជាមួយពួកយើងបានឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកយើងហើយថា ពិតប្រាកដណាស់ ទ្រព្យជ័យភណ្ឌដែលបានពីសង្គ្រាមខ័យពើរនោះ គឺសម្រាប់តែអ្នកណាដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងនិយាយថាៈ ការដែលពួកអ្នកហាមឃាត់ពួកយើងមិនឲ្យទៅទទួលជ័យភណ្ឌដែលបានពីសមរភូមិខ័យពើរជាមួយពួកអ្នកនោះ មិនមែនជាបទបញ្ជាពីអល់ឡោះជាម្ចាស់នោះឡើយ ផ្ទុយទៅវិញ គឺដោយសារតែពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ក៏ប៉ុន្តែ រឿងនោះមិនដូចអ្វីដែលពួកទាំងនោះបានអះអាងឡើយ។ ផ្ទុយទៅវិញ ពួកគេមិនយល់ពីបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងបម្រាមទាំងឡាយរបស់ទ្រង់នោះឡើយ លើកលែងតែបន្តិចបន្តូចប៉ុណ្ណោះ។ ហេតុដូច្នោះហើយទើបពួកគេធ្លាក់ចូលក្នុងការប្រព្រឹត្តល្មើសចំពោះទ្រង់។