Khmer Abridged Explanation of the Quran
48:29 - 48:29

ព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយបណ្តាសហាហ្ពាត់របស់គាត់ដែលនៅជាមួយគាត់នោះ គឺពួកគេមានភាពតឹងរឹងជាមួយពួកប្រឆាំងដែលច្បាំងជាមួយពួកគេ តែមានក្តីសណ្តោសប្រណី ស្និទ្ធស្នាល និងអាណិតស្រឡាញ់រវាងអ្នកមានជំនឿដូចគ្នា។ អ្នកនឹងឃើញពួកគេឱនរូកុ និងស៊ូជូទចំពោះអល់ឡោះជាម្ចាស់។ ពួកគេបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យទ្រង់ប្រោសប្រទានទៅលើពួកគេ តាមរយៈការអភ័យទោស និងផលបុណ្យដ៏ប្រពៃ និងសុំឲ្យទ្រង់ពេញចិត្តចំពោះពួកគេ។ សញ្ញាសម្គាល់របស់ពួកគេ គឺមានដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេនូវស្លាកស្នាមនៃការស៊ូជូទ ដែលពន្លេចឡើងនៃការទទួលបានការចង្អុលបង្ហាញ មានភាពរម្យទម និងពន្លឺនៃការប្រតិបត្តិសឡាតនៅលើផ្ទៃមុខរបស់គេ។ ទាំងនោះហើយគឺជាលក្ខណៈសម្បត្តិរបស់ពួកគេដែលត្រូវបានរៀបរាប់នៅក្នុងគម្ពីរតាវរ៉តដែលត្រូវបានបញ្ចុះទៅលើព្យាការីមូសានោះ។ រីឯការប្រៀបធៀបពួកគេនៅក្នុងគម្ពីរអ៊ិញជីលដែលត្រូវបានបញ្ចុះទៅលើព្យាការីអ៊ីសាវិញ ចំពោះការសហការគ្នារបស់ពួកគេ និងភាពពេញលេញរបស់ពួកគេនោះ គឺប្រៀបដូចជារុក្ខជាតិដែលបញ្ចេញពន្លករបស់វា។ ក្រោយមក ពន្លកនោះក៏បានរឹងមាំ និងធំឡើង ហើយក៏បានដុះត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឲ្យកសិករទាំងឡាយពេញចិត្តចំពោះភាពរឹងមាំ និងភាពពេញលេញរបស់វា។ (ការប្រៀបធៀបដូច្នេះ) ដើម្បីឲ្យពួកប្រឆាំងខឹងសម្បាចំពោះអល់ឡោះ នៅពេលដែលពួកគេបានឃើញនូវភាពខ្លាំងក្លា ការសហការគ្នា និងភាពពេញលេញ(របស់សហការីព្យាការី)។ អល់ឡោះបានសន្យាចំពោះបណ្តាសហាហ្ពាត់ដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនោះ នូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ចំពោះពួកគេឡើយ ហើយនិងផលបុណ្យដ៏ធំធេងអំពីទ្រង់ នោះគឺឋានសួគ៌។