ហើយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ត្រូវដឹងថា នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានបញ្ចុះវ៉ាហ៊ី(សារ)ទៅឲ្យគាត់។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការនិយាយកុហក ដែលជាហេតុធ្វើឲ្យអល់ឡោះជាម្ចាស់បញ្ចុះវ៉ាហ៊ីមកប្រាប់គាត់អំពីការកុហករបស់ពួកអ្នក។ ហើយគាត់ដឹងនូវអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងរឿងភាគច្រើនដែលពួកអ្នកផ្តល់ជាយោបល់(ឲ្យគាត់)នោះ ប្រាកដជាពួកអ្នកនឹងធ្លាក់ក្នុងការលំបាកជាមិនខាន ដែលគាត់មិនពេញចិត្តឲ្យកើតមានចំពោះពួកអ្នកឡើយ។ ប៉ុន្តែដោយការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ ទ្រង់បានឲ្យពួកអ្នកស្រឡាញ់ភាពមានជំនឿ និងបានលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក។ ដូច្នេះ ពួកអ្នកក៏បានមានជំនឿ។ ហើយទ្រង់ក៏បានធ្វើឲ្យពួកអ្នកស្អប់នូវភាពគ្មានជំនឿនិងការចាកចេញពីការគោរពប្រតិបត្តិទ្រង់ និងបានធ្វើឲ្យពួកអ្នកស្អប់ខ្ពើមនូវការប្រព្រឹត្តល្មើសចំពោះទ្រង់ផងដែរ។ អ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នោះហើយ គឺជាអ្នកដែលដើរតាមមាគ៌ានៃការចង្អុលបង្ហាញនិងត្រឹមត្រូវ។