Khmer Abridged Explanation of the Quran
57:4 - 57:4

ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយបញ្ចប់នៅថ្ងៃសុក្រ ខណៈដែលទ្រង់ជាអ្នកដែលមានសមត្ថភាពអាចបង្កើតវាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់បានគង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកភ្លៀង គ្រាប់ពូជ និងអ្វីផ្សេងពីវាទាំងពីរ ហើយទ្រង់ដឹងនូវអ្វីដែលចេញពីដី ដូចជារុក្ខជាតិ រ៉ែ និងអ្វីផ្សេងៗទៀត។ ទ្រង់ក៏ដឹងផងដែរនូវអ្វីដែលចុះមកពីលើមេឃ ដូចជាទឹកភ្លៀង និងវ៉ាហ៊ី(សារពីអល់ឡោះ) និងអ្វីផ្សេងទៀត ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃ ដូចជាម៉ាឡាអ៊ីកាត់ អំពើល្អឬអាក្រក់របស់ខ្ញុំបម្រើអល់ឡោះ និងព្រលឹងរបស់ពួកគេ។ ហើយទ្រង់នៅជាមួយពួកអ្នក(ឱមនុស្សលោក)ដោយការដឹងរបស់ទ្រង់ ទោះបីជាពួកអ្នកស្ថិតនៅទីណាក៏ដោយ។ គ្មានអ្វីមួយអំពីពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ជាអ្នកឃើញបំផុតអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចបិទបាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកលើទង្វើទាំងនោះវិញ។