Khmer Abridged Explanation of the Quran
57:20 - 57:20

ចូរពួកអ្នកជ្រាបចុះថា ជាការពិតណាស់ ឆាកជីវិតលោកិយនេះ គ្រាន់តែជាល្បែងលេងដែលខ្លួនប្រាណ(របស់ពួកអ្នក)លេងសើចនឹងវា ជាការកំសាន្តដែលនាំឲ្យចិត្តសប្បាយរីករាយ និងជាការតុបតែងលម្អដែលពួកអ្នកយកធ្វើជាគ្រឿងតុបតែងឲ្យល្អមើល ហើយនិងជាភាពអំណួតរវាងពួកអ្នកនឹងអ្វីដែលមាននៅក្នុងវា ដូចជាសិទ្ធិអំណាច ការសប្បាយរីករាយ និងជាការប្រណាំងប្រជែងគ្នាតាមរយៈទ្រព្យសម្បត្តិ និងកូនច្រើនប៉ុណ្ណោះ ប្រៀបបីដូចជាទឹកភ្លៀងដែលធ្វើឲ្យអ្នកដាំដុះទាំងឡាយមានភាពសប្បាយរីករាយចំពោះដំណាំរបស់គេ ស្រាប់តែមិនយូរប៉ុន្មាន ដំណាំដែលមានពណ៌បៃតង(មានភាពស្រស់បំព្រង)នោះប្រែក្លាយទៅជាស្ងួតស្រពោន ហើយក្រោយពីបានវាមានពណ៌ខៀវស្រងាត់នោះ អ្នកនឹងឃើញវាប្រែក្លាយទៅជាពណ៌លឿង។ បន្ទាប់មក អល់ឡោះបានធ្វើឲ្យដំណាំនោះក្លាយជាកម្ទេចសំរាមទៅវិញ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏ខ្លាំងក្លា គឺសម្រាប់ពួកគ្មានជំនឿនិងពួកពុតត្បុត ហើយការខន្តីអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយនោះ គឺសម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយពួកគេនឹងទទួលបាននូវការពេញចិត្តអំពីទ្រង់។ ហើយឆាកជីវិតលោកិយនេះ គ្មានអ្វីក្រៅពីភាពត្រេកត្រអាលដែលនឹងត្រូវបាត់បង់ទៅវិញ ដែលវាមិនគង់វង្សនោះឡើយ។ ដូច្នេះ ជនណាហើយដែលយកការសប្បាយរីករាយ(ក្នុងលោកិយ)ដែលនឹងបាត់បង់ទៅវិញ សំខាន់ជាងការសោយសុខ(ជាអមតៈ)នៅថ្ងៃបរលោកនោះ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលខាតបង់។