តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកយូដាដែលពួកគេតែងខ្សឹបខ្សៀវគ្នាស្ងាត់ៗនៅពេលណាដែលពួកគេឃើញអ្នកមានជំនឿនោះ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានហាមឃាត់ពួកគេពីការខ្សឹបខ្សៀវគ្នានេះ។ ក្រោយមក ពួកគេត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលអល់ឡោះបានហាមឃាត់នោះ ហើយពួកគេខ្សឹបខ្សៀវគ្នានូវអ្វីដែលជាអំពើបាប ដូចជាការនិយាយដើមអ្នកមានជំនឿ និងជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេតែងស្វាគមន៍អ្នកនូវអ្វីដែលអល់ឡោះទ្រង់មិនបានស្វាគមន៍អ្នកនឹងវាឡើយ ដោយពួកគេពោលថា (السام عليكم) (អាស្សាមូ អាឡៃគុម) ដោយពួកគេមានបំណងថា “សេចក្តីស្លាប់”។ ហើយពួកគេបាននិយាយបដិសេធនឹងព្យាការីមូហាំម៉ាត់ថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ? ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានអះអាងថា រូបគេគឺជាព្យាការីមែននោះ ប្រាកដជាអល់ឡោះទ្រង់ដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយជាមិនខាន។ គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវទណ្ឌកម្មភ្លើងនរកជើហាន់ណាំ ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ។ ពួកគេនឹងទទួលរងនូវកម្តៅរបស់វា។ ជាការពិតណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះហើយ។