គឺនៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេទាំងអស់គ្នាឲ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់អាចគេចផុតពីការពង្រស់ឡើងវិញនេះឡើយ ដើម្បីទទួលការតបស្នង(ចំពោះទង្វើរបស់ពួកគេ)។ ពេលនោះ ពួកគេបានស្បថចំពោះអល់ឡោះថា ពួកគេពុំធ្លាប់បានស្ថិតនៅក្នុងភាពប្រឆាំង និងពុតត្បុតឡើយ។ តាមពិត ពួកគេគឺជាអ្នកមានជំនឿដែលប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តប៉ុណ្ណោះ។ ពួកគេបានស្បថ(កុហក)នឹងទ្រង់នៅថ្ងៃបរលោក ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នក(ឱអ្នកមានជំនឿ)កាលនៅក្នុងលោកិយដែរ ដែលថាពួកគេ គឺជាអ្នកមូស្លីម ដោយពួកគេគិតស្មានថា ពិតប្រាកដណាស់ តាមរយៈការស្បថដែលពួកគេស្បថដោយភូតកុហកចំពោះអល់ឡោះនេះ នឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬការពារពួកគេពីគ្រោះថ្នាក់បាន។ តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលភូតកុហកយ៉ាងពិតប្រាកដនៅក្នុងការស្បថរបស់ពួកគេ ទាំងការស្បថរបស់ពួកគេនៅក្នុងលោកិយ និងការស្បថរបស់ពួកគេនៅថ្ងៃបរលោក។