Khmer Abridged Explanation of the Quran
58:22 - 58:22

អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកនោះ អាណិតស្រឡាញ់ និងចងសម្ព័ន្ធមិត្តជាមួយនឹងពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងនោះ គឺជាឪពុករបស់ពួកគេ ឬជាកូនៗរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាពូជពង្សរបស់ពួកគេក៏ដោយ ពីព្រោះសេចក្តីជំនឿបានរារាំង(ពួកគេ)មិនឲ្យចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ និងដោយសារតែចំណងនៃសេចក្តីជំនឿ គឺខ្លាំងក្លាជាងចំណងអ្វីផ្សេងទៀតទាំងអស់។ ដូចនេះ គេត្រូវផ្តល់អាទិភាពដល់វា(ជំនឿ)មុន នៅពេលដែលមានភាពផ្ទុយគ្នា។ អ្នកដែលមិនចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(សូម្បីតែពួកគេជាសាច់ញាតិនឹងគ្នា)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេដោយគ្មានប្រែប្រួលឡើយ ហើយទ្រង់បានឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀត តាមរយៈភស្តុតាងនិងពន្លឺអំពីទ្រង់។ ហើយនៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយឧបការគុណពីអល់ឡោះនឹងមិនត្រូវបានកាត់ផ្តាច់ ឬបាត់បង់ពីពួកគេឡើយ។ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បាចំពោះពួកគេបន្ទាប់ពីនោះ(បន្ទាប់ពីចូលឋានសួគ៌)ទៀតឡើយ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកគេដែលមិនចេះសាបសូន្យ ដែលក្នុងនោះ គឺការបានឃើញទ្រង់(ដោយផ្ទាល់ភ្នែកក)។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចដែលបានលើកឡើងនេះហើយ គឺជាកងទ័ពរបស់អល់ឡោះ ដែលពួកគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលទ្រង់បានហាមឃាត់នោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ កងទ័ពរបស់អល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវា ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។