Khmer Abridged Explanation of the Quran
60:1 - 60:1

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវប្រការទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើពួកគេ! ចូរពួកអ្នកកុំយកសត្រូវរបស់យើងនិងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារ ដោយពួកអ្នកគាំពារពួកគេ និងស្រឡាញ់ទៅចំពោះពួកគេឲ្យសោះ ខណៈដែលពួកគេប្រឆាំងនឹងសាសនាដែលអ្នកនាំសាររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)បាននាំមក ។ ពួកគេបានបណ្តេញអ្នកនាំសារ(មូហាំម៉ាត់)ចេញពីលំនៅដ្ឋានរបស់គាត់ ហើយក៏ដូចគ្នានោះដែរ ពួកគេបានបណ្តេញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នកឯទីក្រុងម៉ាក្កះ ដោយពួកគេមិនខ្វល់ថា ពួកអ្នកគឺជាសាច់ញាតិ ឬជាសាច់សាលោហិត(របស់ពួកគេ)នោះឡើយ។ ពួកគេបណ្តេញពួកអ្នកចេញបែបនេះ គឺគ្មានមូលហេតុអ្វីក្រៅពីដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ចូរពួកអ្នកកុំធ្វើដូច្នោះ(យកពួកគេធ្វើជាគាំពារ និងស្រឡាញ់ទៅចំពោះពួកគេ) ដោយពួកអ្នកយកដំណឹងសម្ងាត់របស់អ្នកមូស្លីមទៅប្រាប់ពួកគេដោយសារតែកាស្រឡាញ់(របស់ពួកអ្នក)ចំពោះពួកគេឲ្យសោះ ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ហើយពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលអ្នករាល់គ្នាកំពុងធ្វើដោយលាក់បាំង និងបើកចំហចំពោះរឿងនេះ។ គ្មានអ្វីមួយអំពីរឿងនោះ ឬរឿងអ្វីផ្សេងទៀតក្រៅពីនេះអាចលាក់បាំងនឹងយើងបានឡើយ។ ជនណាហើយដែលបានគាំពារ និងស្រឡាញ់ទៅចំពោះពួកដែលប្រឆាំងនោះ ពិតប្រាកដណាស់ គឺរូបគេបានដើរចេញពីមាគ៌ាកណ្តាល ហើយវង្វេងចេញអំពីការពិត និងង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវហើយ។