Khmer Abridged Explanation of the Quran
60:10 - 60:10

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! នៅពេលដែលក្រុមស្ដ្រីជាអ្នកមានជំនឿដែលបានភៀសខ្លួនចេញពីទឹកដីគ្មានជំនឿមកកាន់ទឹកដីឥស្លាមបានមកដល់ពួកអ្នកនោះ ចូរពួកអ្នកសាកល្បងពួកនាងពីភាពសច្ចៈនៃសេចក្តីជំនឿរបស់ពួកនាងចុះ។ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះសេចក្តីជំនឿរបស់ពួកនាង។ គ្មានអ្វីមួយនៃប្រការអាក្រក់ដែលនៅក្នុងដួងចិត្តរបស់ពួកនាងអាចលាក់បាំងនឹងទ្រង់បានឡើយ។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាង គឺជាអ្នកដែលមានជំនឿបន្ទាប់ពីការសាកល្បង(ចំពោះពួកនាង) តាមរយៈអ្វីដែលបានស្តែងចេញឲ្យពួកអ្នកបានដឹងពីភាពសច្ចៈនៃសេចក្តីជំនឿរបស់ពួកនាងហើយនោះ ចូរពួកអ្នកកុំបញ្ជូនពួកនាងត្រឡប់ទៅកាន់ស្វាមីរបស់ពួកនាងដែលជាពួកគ្មានជំនឿវិញឲ្យសោះ។ សម្រាប់ស្ត្រីដែលជាអ្នកមានជំនឿនោះ គឺគេមិនអនុញ្ញាតឲ្យពួកនាងរៀបការជាមួយបុរសដែលជាពួកគ្មានជំនឿឡើយ ហើយសម្រាប់ពួកគ្មានជំនឿដែលជាបុរសវិញ ក៏គេមិនអនុញ្ញាតឲ្យរៀបការជាមួយនឹងស្ត្រីដែលជាអ្នកមានជំនឿនោះដែរ។ ហើយចូរពួកអ្នកផ្តល់ឲ្យស្វាមីរបស់ពួកនាង(ដែលជាពួកគ្មានជំនឿ)នោះ នូវអ្វីដែលពួកគេបានចំណាយអំពីប្រាក់ខាន់ស្លារបស់ពួកនាង។ ហើយពុំមានបាបកម្មអ្វីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដែលពួកអ្នករៀបការជាមួយនឹងពួកនាង ក្រោយពីពួកនាងបានផុតរយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់ពួកនាងហើយនោះ នៅពេលណាដែលពួកអ្នកបានផ្តល់ថ្លៃខាន់ស្លាដល់ពួកនាង។ ហើយចំពោះជនណាដែលប្រពន្ធរបស់គេ គឺជាអ្នកដែលគ្មានជំនឿ ឬត្រឡប់(ចាកចេញ)ពីសាសនាឥស្លាមវិញនោះ គឺគេមិនអាចរួមរស់ជាមួយនាងបានឡើយ ពីព្រោះចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរត្រូវបានកាត់ផ្តាច់ដោយសារតែភាពគ្មានជំនឿរបស់នាង។ ហើយចូរពួកអ្នកសុំយកពីពួកគ្មានជំនឿនោះមកវិញ នូវអ្វីដែលពួកអ្នកបានចំណាយជាខាន់ស្លាចំពោះប្រពន្ធរបស់ពួកអ្នកដែល(ពួកនាង)បានបោះបង់សាសនាឥស្លាមនោះ។ ហើយពួកគេ(ពួកគ្មានជំនឿ)ក៏ត្រូវសុំយកមកវិញនូវអ្វីដែលពួកគេបានចំណាយអំពីប្រាក់ខាន់ស្លារបស់ប្រពន្ធពួកគេដែលបានចូលឥស្លាមនោះវិញ(ដូចគ្នា)ដែរ។ អ្វីដែលបានលើកឡើងទាំងនោះ (ពោលគឺការយកមកវិញនូវខាន់ស្លាទាំងពីខាងពួកអ្នក និងពីខាងពួកគេនោះ) គឺជាច្បាប់របស់អល់ឡោះ។ ទ្រង់កាត់សេចក្ដីរវាងពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីស្ថានភាពខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតចំពោះអ្វីដែលទ្រង់ដាក់បញ្ញត្តិច្បាប់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់។