ឱព្យាការីមូហាំម៉ាត់! នៅពេលដែលបណ្ដាស្ដ្រីដែលមានជំនឿបានមកកាន់អ្នក ដោយពួកនាងធ្វើការសច្ចាប្រណិធានជាមួយអ្នក(ដូចអ្វីដែលបានកើតឡើងក្នុងពេលរំដោះទីក្រុងម៉ាក្កះ)ថាៈ ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីមួយជាដាច់ខាត ហើយពួកនាងនឹងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា និងមិនសម្លាប់កូនចៅរបស់ពួកនាងដូចជាទង្វើរបស់ស្រ្តីទាំងឡាយនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយនិងមិនក្លែងបន្លំកូនអ្នកដទៃថាកូនប្តីរបស់ខ្លួន ព្រមទាំងពួកនាងមិនប្រព្រឹត្តល្មើសនឹងអ្នកចំពោះប្រការល្អទាំងឡាយ ក្នុងនោះ ដូចជាការហាមឃាត់មិនឲ្យយំទួញសោករៀបរាប់ ហែកសម្លៀកបំពាក់ បោចសក់ និងហែកហោប៉ៅ(នៅពេលជួបគ្រោះ)ជាដើមនោះ ចូរអ្នកទទួលយកនូវការធ្វើសច្ចាប្រណិធានរបស់ពួកនាងចុះ។ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឱ្យពួកនាងចំពោះបាបកម្មទាំងឡាយរបស់ពួកនាងចុះ បន្ទាប់ពីពួកនាងបានសច្ចាប្រណិធាននឹងអ្នករួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។