ហើយយើងមិនបានបង្កើតឆ្មាំឋាននរកនោះក្រៅពីម៉ាឡាអ៊ីកាត់ឡើយ ព្រោះមនុស្សលោកគ្មានសមត្ថភាពអាចធ្វើបានឡើយ។ ពិតណាស់ អាពូហ្ជាហាល់បានភូតកុហក ខណៈដែលរូបគេអះអាងថា រូបគេ និងក្រុមរបស់គេអាចទ្រាំទ្រនឹងទណ្ឌកម្មបាន បន្ទាប់មក ពួកគេនឹងចេញពីឋាននរកវិញ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)ឡើយ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះប៉ុណ្ណោះ ដើម្បីឲ្យពួកគេនិយាយផ្តេសផ្តាស់ ពេលនោះ ទណ្ឌកម្មរបស់ពួកគេនឹងកាន់តែកើនទ្វេដង និងដើម្បីឱ្យពួកយូដាដែលបានទទួលគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលបានទទួលគម្ពីរអ៊ីនជីលជឿជាក់ច្បាស់នៅពេលដែលគម្ពីរគួរអានបានបញ្ចុះមកដែលជាការបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរទាំងពីររបស់ពួកគេ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿ(របស់ពួកគេ)ថែមទៀតនៅពេលដែលគម្ពីរគួរអាននោះមានភាពស្របគ្នាជាមួយនឹង(គម្ពីរ)ពួកអះលីគីតាប និងដើម្បីកុំឱ្យពួកយូដា និងពួកណាសរ៉នី ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ និងដើម្បីឱ្យពួកដែលជំនឿរបស់ពួកគេមានភាពរារែក ហើយនិងពួកដែលប្រឆាំងនិយាយថាៈ តើអល់ឡោះមានបំណងអ្វីចំពោះចំនួន(ម៉ាឡាអ៊ីកាត់)ដ៏ចម្លែកនេះ។ ដូចដែលអល់ឡោះទ្រង់បានធ្វើឱ្យវងេ្វងចំពោះអ្នកដែលបដិសេធនឹងចំនួន(ម៉ាឡាអ៊ីកាត់)នេះ ហើយចង្អុលបង្ហាញចំពោះអ្នកដែលជឿជាក់ចំពោះវានោះដែរ ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកឡើយ ព្រោះពួកគេមានចំនួនច្រើនលើសលប់ លើកលែងតែទ្រង់មួយអង្គគត់។ ហេតុនេះ ចូរឲ្យអាពូហ្ជាហាល់ដែលនិយាយក្នុងលក្ខណៈមើលស្រាល និងបដិសេធថា “តើមូហាំម៉ាត់មានបក្សពួកតែដប់ប្រាំបួននាក់នេះទេឬ?” ដឹងដូចនេះចុះ។ ហើយឋាននរកនោះ គ្មានអ្វីក្រៅពីជាការរំលឹកដល់មនុស្សលោកឲ្យបានដឹងពីភាពខ្លាំងពូកែរបស់អល់ឡោះជាម្ចាស់ឡើយ។