Khmer Abridged Explanation of the Quran
2:20 - 2:20

ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេដោយសារតែពន្លឺដ៏ខ្លាំងក្លារបស់វា។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេស្ថិតក្នុងភាពងងឹត ដោយពួកគេមិនអាចបន្តដំណើរ(ទៅមុខ)បានឡើយ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេដោយសមត្ថភាពរបស់ទ្រង់ដែលគ្របដណ្តប់គ្រប់អ្វីៗទាំងអស់ជាមិនខាន ហើយទ្រង់នឹងមិនត្រឡប់វាមកឱ្យពួកគេវិញឡើយ ដោយសារតែការបដិសេធរបស់ពួកគេចំពោះសេចក្តីពិត។ ពិតប្រាកដណាស់ ទឹកភ្លៀង គឺប្រៀបដូចជាគម្ពីរគួរអាន សំឡេងផ្គររន្ទះ គឺប្រៀបដូចជាប្រការដែលគេហាមឃាត់ ពន្លឺផ្លេកបន្ទោរ ប្រៀបដូចជាការបង្ហាញពីសេចក្តីពិតដល់ពួកគេម្តងម្កាល ហើយការយកម្រាមដៃញ៉ុកត្រចៀកដោយសារតែ(សំឡេង)ផ្គររន្ទះខ្លាំង ប្រៀបដូចជាការបដិសេធរបស់ពួកគេចំពោះសេចក្តីពិតដោយមិនព្រមទទួលយកវា។ ហើយចំនុចដែលស្រដៀងគ្នារវាងពួកពុតត្បុត និងការប្រៀបធៀបទាំងពីរ(ខាងលើនេះ) គឺការដែលពួកគេមិនអាចទាញយកផលប្រយោជន៍អ្វីបាន។ នៅក្នុងការប្រដូចនឹងភ្លើង គឺអ្នកដែលដុតភ្លើងនោះមិនបានទទួលផលអ្វីពីការដុតភ្លើងនោះ ក្រៅពីភាពងងឹតនិងការឆេះអស់ឡើយ។ ហើយក្នុងការប្រដូចនឹងទឹកវិញ គឺពួកគេមិនបានទទួលផលពីទឺកភ្លៀងនោះទេ ក្រៅតែពីភាពភ័យខ្លាច និងការរំខានពីផ្គររន្ទះនិងផ្លេកបន្ទោរប៉ុណ្ណោះ។ ដូច្នោះហើយ ពួកពុតត្បុតមើលមិនឃើញចំពោះសាសនាឥស្លាម ក្រៅពីភាពលំបាក និងតឹងរឹងនោះឡើយ។