Khmer Abridged Explanation of the Quran
2:26 - 2:26

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនខ្មាស់អៀនឡើយក្នុងការលើកជាឧទាហរណ៍ពីអ្វីដែលទ្រង់មានចេតនា ដូចជាការលើកឧទាហរណ៍អំពីសត្វមូស ឬអ្វីដែលតូចជាង ឬធំជាងនេះ។ ហើយមនុស្សលោកនៅចំពោះមុខឧទាហរណ៍នេះមានពីរប្រភេទ គឺអ្នកមានជំនឿ និងអ្នកគ្មានជំនឿ។ ចំពោះបណ្ដាអ្នកដែលមានជំនឿ គឺពួកគេនឹងជឿជាក់លើរឿងនេះ ហើយពួកគេដឹងថា ពិតណាស់ នៅពីក្រោយឧទាហរណ៍ដែលទ្រង់បានលើកឡើងនេះ គឺមានបុព្វហេតុរបស់វា។ រីឯពួកដែលគ្មានជំនឿវិញ គឺពួកគេសួរនាំគ្នាដោយភាពមើលស្រាលអំពីមូលហេតុដែលអល់ឡោះលើកយកម៉ាខ្លូកដែលតូចតាច ដូចជាសត្វមូស សត្វរុយ សត្វពឹងពាងជាដើមមកធ្វើជាឧទាហរណ៍នោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានផ្តល់ចម្លើយ(ដល់ពួកគេ)ថាៈ ពិតប្រាកដណាស់ នៅក្នុងឧទាហរណ៍ទាំងនេះ គឺមានការចង្អុលបង្ហាញ ការណែនាំ និងការសាកល្បងចំពោះមនុស្សលោក។ ហើយក្នុងចំណោមពួកគេ មានមនុស្សជាច្រើនដែលអល់ឡោះបានធ្វើឱ្យពួកគេវង្វេងតាមរយៈឧទាហរណ៍នេះ ដោយសារតែការបដិសេធរបស់ពួកគេមិនព្រមពិចារណាចំពោះវា(ឧទាហរណ៍ដែលអល់ឡោះទ្រង់បានលើកឡើង) ហើយក្នុងចំណោមពួកគេ ក៏មានមនុស្សជាច្រើនផងដែរដែលអល់ឡោះបានចង្អុលបង្ហាញពួកគេតាមរយៈឧទាហរណ៍នេះ ដោយសារតែពួកគេបានយកវា(ឧទាហរណ៍ទាំងនោះ)ធ្វើជាមេរៀន។ ហើយទ្រង់មិនធ្វើឱ្យអ្នកណាម្នាក់វងេ្វង(ដោយសារឧទាហរណ៍នេះ)ក្រៅពីពួកដែលសក្តិសមនឹងវង្វេងនោះឡើយ ហើយពួកគេ គឺជាពួកដែលចេញឆ្ងាយពីការគោរពប្រតិបត្តិចំពោះទ្រង់ ដូចជាពួកពុតត្បុតជាដើម។