អល់ឡោះជាម្ចាស់បានប្រាប់ថា ទ្រង់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ ទ្រង់នឹងបង្កើតមនុស្សម្នាក់ដើម្បីគ្រប់គ្រងនៅលើភពផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីគ្រប់គ្រងវាឲ្យស្ថិតលើការគោរពប្រតិបត្តិអល់ឡោះ។ ពួកម៉ាឡាអ៊ីកាត់បានសួរទៅកាន់ម្ចាស់របស់ពួកគេ(ជាការសួរក្នុងន័យសុំការចង្អុលបង្ហាញ និងដោយភាពងឿងឆ្ងល់)អំពីបុព្វហេតុដែលទ្រង់បង្កើតកូនចៅអាហ្ទាំ(មនុស្សលោក)ឱ្យធ្វើជាអ្នកគ្រប់គ្រងលើផែនដីនេះថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដីនេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាដោយបំពាននៅលើវា(ផែនដី)ឬ? ចំណែកឯពួកយើងវិញ គឺជាក្រុមដែលគោរពប្រតិបត្តិទ្រង់។ ពួកយើង(សូត្រធម៌)បញ្ជាក់ពីភាពបរិសុទ្ធ និងលើកសរសើរចំពោះទ្រង់ ហើយលើកតម្កើងពីភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ អល់ឡោះជាម្ចាស់បានឆ្លើយតបនឹងសំណួរបស់ពួកគេវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹងអំពីបុព្វហេតុដ៏អស្ចារ្យក្នុងការបង្កើតពួកគេ(មនុស្សលោក) និងគោលបំណងដ៏ធំធេងចំពោះការឱ្យពួកគេគ្រប់គ្រង(ផែនដី)។