ភាគច្រើននៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មានជំនឿវិញបន្ទាប់ពីពួកអ្នកមានជំនឿរួច ដូចដែលពួកអ្នកធ្លាប់បានគោរពរូបបដិមាពីមុនៗ ដោយសារភាពច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ ពួកគេប្រាថ្នាយ៉ាងដូច្នោះក្រោយពីការពិតត្រូវបានបង្ហាញយ៉ាងច្បាស់ដល់ពួកគេហើយថា ជាការពិតណាស់ អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក គឺជាសេចក្តីពិតមកពីអល់ឡោះជាម្ចាស់។ ដូចនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អភ័យទោស(ដល់ពួកគេ)ចំពោះទង្វើរបស់ពួកគេ ហើយចូរពួកអ្នកអធ្យាស្រ័យចំពោះភាពល្ងង់ខ្លៅនិងប្រការអាក្រក់ដែលមាននៅក្នុងខ្លួនរបស់ពួកគេ រហូតដល់បទបញ្ជារបស់អល់ឡោះនិងការសម្រេចរបស់ទ្រង់នៅក្នុងរឿងរបស់ពួកគេនេះបានមកដល់។ (ពិតប្រាកដណាស់ បទបញ្ជា និងការសម្រេចរបស់អល់ឡោះនៅក្នុងរឿងនេះបានមកដល់ហើយ ដោយចំពោះអ្នកដែលគ្មានជំនឿ គឺពួកគេមានជម្រើសក្នុងការជ្រើសរើសយកសាសនាឥស្លាម ឬការបង់ផាកពិន័យ ឬត្រូវសម្លាប់)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។