ហើយដូចដែលយើងបានបង្កើតឲ្យពួកអ្នក(ប្រជាជាតិព្យាការីមូហាំម៉ាត់)នូវទិសមួយដែលយើងពេញចិត្តឲ្យពួកអ្នកតម្រង់ទៅកាន់នោះដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលល្អប្រសើរ ប្រកបដោយភាពយុត្តិធម៌ ឈរនៅកណ្តាលរវាងប្រជាជាតិទាំងអស់ ទាំងក្នុងគោលជំនឿ ការគោរពសក្ការៈ និងការទំនាក់ទំនង ដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីឱ្យបណ្តាអ្នកនាំសារទាំងអស់របស់អល់ឡោះនៅថ្ងៃបរលោកថា ពិតប្រាកដណាស់ ពួកគេពិតជាបានផ្សព្វផ្សាយដល់ប្រជាជាតិរបស់ពួកគេនូវរាល់បទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើឲ្យផ្សព្វផ្សាយដល់ពួកគេពិតមែន ហើយក៏ដើម្បីឱ្យព្យាការីមូហាំម៉ាត់ធ្វើជាសាក្សីលើពួកអ្នកថា ពិតប្រាកដណាស់ គាត់(ព្យាការីមូហាំម៉ាត់)ពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់ៗអ្វីដែលគេ(អល់ឡោះ)បានផ្តល់មកតាមរយៈគាត់មកកាន់ពួកអ្នកពិតប្រាកដមែន។ ហើយយើងមិនបានបង្វែរទិសគិបឡាត់ដែលអ្នកធ្លាប់បានតម្រង់ទៅកាន់ គឺពៃទុលមឹកទីស(ក្រុងយេរូសាឡឹម)នោះឡើយ លើកលែងតែដើម្បីឲ្យយើងដឹងថា តើអ្នកណាដែលពេញចិត្តទទួលគោរពតាមបទបញ្ជារបស់អល់ឡោះ ហើយដើរតាមអ្នកនាំសារប៉ុណ្ណោះ។ ហើយជនណាដែលចាកចេញពីសាសនារបស់ទ្រង់ និងដើរតាមចំណង់តណ្ហារបស់ខ្លួនឯងនោះ ពិតប្រាកដណាស់ រូបគេមិនបានគោរពតាមបទបញ្ញត្តិដែលអល់ឡោះបានបង្គាប់ប្រើនោះឡើយ។ ជាការពិតណាស់ ការបង្វែរទិសគិបឡាត់ទីមួយ(គឺទិសគិបឡាត់ដែលបែរឆ្ពោះទៅកាន់ក្រុងយេរូសាឡឹម) វាជារឿងរ៉ាវដ៏ធំធេងបំផុត លើកលែងតែអ្នកដែលអល់ឡោះចង្អុលបង្ហាញរូបគេឲ្យមានជំនឿចំពោះទ្រង់ប៉ុណ្ណោះ។ ហើយបទបញ្ញត្តិដែលទ្រង់បានដាក់លើខ្ញុំបម្រើរបស់ទ្រង់នោះ តាមពិតគឺមានបុព្វហេតុដ៏អស្ចារ្យ។ ហើយអល់ឡោះមិនធ្វើឲ្យសេចក្តីជំនឿរបស់ពួកអ្នកចំពោះទ្រង់បាត់បង់ឡើយ ដែលក្នុងនោះ គឺការប្រតិបត្តិសឡាតរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានប្រតិបត្តិវាមុននឹងការបង្វែរទិសគិបឡាត់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់បំផុតចំពោះមនុស្សលោក។ ដូចនេះ ទ្រង់មិនផ្តល់ភាពលំបាកដល់ពួកគេ និងមិនបំបាត់ផលបុណ្យដែលពួកគេបានសាងនោះឡើយ។