ហើយទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)ចេញពីទីកន្លែងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាតនោះ ចូរអ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉ម(គិបឡាត់)ចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសគិបឡាត់ចុះនៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាតនោះ ដើម្បីកុំឲ្យមនុស្សលោកលើកយកហេតុផលនោះមកប្រឆាំងនឹងពួកអ្នក លើកលែងតែអ្នកដែលបានបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ ដោយពួកគេនៅតែរឹងចចេស ហើយលើកយកហេតុផលខ្សោយៗមកប្រឆាំងនឹងពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចម្ចាស់របស់ពួកអ្នកតែមួយគត់វិញ ដោយការធ្វើតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះបានដាក់ច្បាប់បញ្ញត្តិឱ្យតម្រង់ទៅកាន់ទិសកាក់ហ្ពះ(គិបឡាត់)នេះ គឺដើម្បីបំពេញនូវឧបការគុណរបស់ទ្រង់មកឱ្យពួកអ្នកតាមរយៈការលើកតម្កើងពួកអ្នកឱ្យមានឧត្តមភាពលើសប្រជាជាតិដទៃទៀត និងដើម្បីចង្អុលបង្ហាញពួកអ្នកឱ្យទៅកាន់ទិសគិបឡាត់ដែលឧត្តុង្គឧត្តមជាងគេបំផុតរបស់មនុស្សលោក។