ជាការពិតណាស់ ភ្នំទាំងពីរដែលត្រូវបានគេស្គាល់ថា ជាភ្នំសហ្វានិងភ្នំម៉ារវ៉ាស់ ដែលស្ថិតនៅក្បែរកាក់ហ្ពះនោះ គឺជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាច្បាប់ឥស្លាមដ៏ច្បាស់លាស់។ ដូចនេះ ជនណាហើយដែលមានបំណងទៅកាន់ពៃទុលឡោះដើម្បីធ្វើធម្មយាត្រាហាជ្ជីនិងអ៊ុមរ៉ោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេក្នុងការដែលគេដើរសាអ៊ី(ដើរទៅដើរមក)រវាងភ្នំទាំងពីរនេះ។ ហើយការបដិសេធអំពើបាបត្រង់នេះ គឺដើម្បីឲ្យអ្នកមូស្លីមមានភាពស្ងប់ចិត្តក្នុងការដើរសាអ៊ីរវាងភ្នំទាំងពីរនេះ ដោយពួកគេគិតថា វាជាកិច្ចការរបស់ពួកសម័យអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាក់ហើយថា វា(ការដើរសាអ៊ី)ជាកិច្ចការមួយក្នុងចំណោមបណ្តាកិច្ចការនៃការប្រតិបត្តិធម្មយាត្រាហាជ្ជីប៉ុណ្ណោះ។ ជនណាដែលបានធ្វើប្រការស៊ូណិត(ប្រការដែលគប្បីធ្វើ)ដែលជាការគោរពសក្ការៈដោយស្ម័គ្រចិត្ត និងដោយមានចិត្តជ្រះថ្លានោះ ពិតណាស់អល់ឡោះជាម្ចាស់ គឺជាអ្នកថ្លែងអំណរគុណបំផុតចំពោះរូបគេ និងទទួលយកទង្វើនោះ ហើយនិងតបស្នងទៅឱ្យគេវិញចំពោះអ្វីដែលគេបានសាង។ ហើយទ្រង់ដឹងបំផុតចំពោះជនណាដែលបានសាងអំពើល្អដែលសាកសមនឹងទទួលបានផលបុណ្យនោះ។