ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) អំពីខ្នើតខែ និងការប្រែប្រួលស្ថានភាពរបស់វា។ ចូរអ្នកឆ្លើយតបទៅទៅកាន់ពួកគេវិញពីបុព្វហេតុនោះថាៈ ជាការពិតណាស់ វា(ខ្នើតខែ)ជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស ដោយពួកគេអាចសម្គាល់ពេលវេលានៃការគោរពសក្ការៈរបស់ពួកគេដូចជា បណ្តាខែហាជ្ជី ខែបួស និងគម្រប់ខួបនៃការត្រូវចេញហ្សាកាត់ជាដើម ហើយពួកគេក៏អាចសម្គាល់ពេលវេលារបស់ពួកគេក្នុងការទំនាក់ទំនងផងដែរ ដូចជាការកំណត់ពេលវេលាសម្រាប់សងជំងឺចិត្ត(ដល់ជនរងគ្រោះ) និង(សង)បំណុលជាដើម។ ហើយពុំមែនជាទង្វើល្អនោះទេដែលពួកអ្នកចូលលំនៅឋានតាមផ្លូវក្រោយនៅពេលដែលពួកអ្នកស្ថិតនៅក្នុងតំណមអៀហរ៉មហាជ្ជីឬអ៊ុមរ៉ោះ (ដូចដែលពួកអ្នកធ្លាប់បានអះអាងក្នុងសម័យកាលអវិជ្ជា)នោះ។ ក៏ប៉ុន្តែទង្វើល្អពិតប្រាកដនោះ គឺការកោតខ្លាចអល់ឡោះជាម្ចាស់ ទាំងខាងក្រៅនិងខាងក្នុងទៅវិញទេ។ ប៉ុន្តែការចូលលំនៅឋានរបស់ពួកអ្នកតាមបណ្តាទ្វាររបស់វា(ទ្វារខាងមុខ) គឺងាយស្រួលជាង និងចៀសផុតពីការលំបាកទៀតផង ដោយសារតែអល់ឡោះមិនដាក់បន្ទុកលើពួកអ្នកនូវអ្វីដែលជាការលំបាកទៅលើពួកអ្នកនោះទេ។ ហើយចូរពួកអ្នកបង្កើតរវាងពួកអ្នកនិងទណ្ឌកម្មរបស់អល់ឡោះនូវរនាំងការពារមួយតាមរយៈការសាងទង្វើកុសលចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយទទួលបានអ្វីដែលអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកខ្លាចរអារ។