Khmer Abridged Explanation of the Quran
2:231 - 2:231

ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នកអាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញ ឬទុកបណ្តោយពួកនាង(ឲ្យផុតអ៊ិទហ្ទះ)ដោយសមរម្យ ដោយមិនវិលត្រលប់មករកពួកនាងវិញ រហូតផុតកំណត់អ៊ិទហ្ទះរបស់ពួកនាង។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយភរិយារបស់ពួកអ្នកវិញក្នុងគោលបំណង(អាក្រក់)ដើម្បីបំពានលើពួកនាងឬបង្កគ្រោះថ្នាក់ដល់ពួកនាងដូចជាពួកសម័យអវិជ្ជាបានធ្វើនោះឡើយ។ ជនណាដែលធ្វើបែបនេះក្នុងគោលបំណងបង្កគ្រោះថ្នាក់ដល់ពួកនាង ជាការពិតណាស់ គេបានបំពានលើខ្លួនឯងដោយការប្រព្រឹត្តទង្វើដែលនាំឲ្យទទួលបាបកម្ម និងទណ្ឌកម្មហើយ។ ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាកន្លែងចំអកឡកឡឺយតាមរយៈការលេងសើចនឹងវាឲ្យសោះ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានមកឱ្យពួកអ្នក ហើយឧបការគុណដែលធំធេងជាងគេនោះ គឺអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នកអំពីគម្ពីរគួរអាននិងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)។ ទ្រង់បានរំលឹកពួកអ្នកតាមរយៈវាទាំងពីរនេះដើម្បីជាការជម្រុញ(លើការសាងអំពើល្អ) និងការព្រមាន(ពីទណ្ឌកម្ម)ដល់ពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកអ្នកត្រូវដឹងថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវរាល់អ្វីៗទាំងអស់។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញទៅតាមទង្វើដែលពួកអ្នកបានសាង។