បណ្តាអ្នកនាំសារទាំងនោះដែលយើងបានលើកឡើងពី(រឿងរ៉ាវរបស់)ពួកគេដល់អ្នក ពិតណាស់ យើងបានលើកតម្កើង(អ្នកនាំសារ)មួយចំនួនក្នុងចំណោមពួកគេឲ្យប្រសើរជាងគ្នា ក្នុងការផ្តល់វ៉ាហ៊ី(សារពីអល់ឡោះ) អ្នកដើរតាមពួកគាត់ និងឋានៈរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ អល់ឡោះមានបន្ទូលទៅកាន់គេផ្ទាល់ ដូចជាព្យាការីមូសា(ម៉ូសេ)។ ក្នុងចំណោមពួកគេទៀត មានអ្នកខ្លះទ្រង់បានលើកតម្កើងរូបគេឲ្យមានឋានៈខ្ពង់ខ្ពស់ ដូចជា ព្យាការីមូហាំម៉ាត់ ដោយទ្រង់បានបញ្ជូនគាត់មកសម្រាប់មនុស្សលោកទាំងអស់ ហើយគាត់គឺជាព្យាការីចុងក្រោយ ព្រមទាំងអល់ឡោះបានលើកតម្កើងប្រជាជាតិរបស់លោកឲ្យមានភាពល្អប្រសើរលើសពីបណ្ដាប្រជាជាតិដទៃទៀត។ ហើយយើងបានប្រទានឲ្យអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រឹស្ត បុត្ររបស់នាងម៉ារី) នូវមុជីហ្សាត់(អច្ឆរិយភាព)ជាច្រើនដ៏ច្បាស់លាស់ ដែលជាភស្តុតាងបង្ហាញពីភាពជាព្យាការីរបស់គាត់ ដូចជាការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយអាចព្យាបាលជនពិការភ្នែកពីកំណើត និងអ្នកកើតរោគឃ្លង់(ឲ្យជាសះស្បើយ)។ ហើយយើងបានពង្រឹងគេឲ្យមានភាពខ្លាំងក្លាតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដើម្បីអនុវត្តនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ។ ហើយប្រសិនបើអល់ឡោះមានចេតនា អ្នកជំនាន់ដែលមកដល់ក្រោយពីបណ្តាអ្នកនាំសារទាំងនោះ នឹងមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពីភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា និងបែងចែកគ្នាជាក្រុម។ ក្នុងចំណោមពួកគេ មានអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿចំពោះទ្រង់ឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនាមិនឲ្យពួកគេកាប់សម្លាប់គ្នានោះ ពួកគេប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះធ្វើអ្វីមួយទៅតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាទៅរកសេចក្តីជំនឿ ដោយក្តីមេត្តាករុណារបស់ទ្រង់និងការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ដោយភាពយុត្តិធម៌ និងគតិបណ្ឌិតរបស់ទ្រង់។