Khmer Abridged Explanation of the Quran
2:266 - 2:266

តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងទំពាំងបាយជូរដែលមានទឹកហូរកាត់នៅតាមចន្លោះចម្ការនោះ ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផល្លានុផលដែលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា មិនអាចធ្វើការនិងរកស៊ីអ្វីបាន ព្រមទាំងមានកូនចៅតូចៗនិងទន់ខ្សោយជាច្រើនដែលមិនទាន់អាចធ្វើការបានថែមទៀតនោះ ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់ ខណៈដែលរូបគេត្រូវការជាខ្លាំងទៅកាន់វា(ផល្លានុផល)ដោយសារតែភាពចាស់ជរា និងភាពទន់ខ្សោយនៃកូនចៅរបស់គេនោះ។ ពិតណាស់ ស្ថានភាពនៃអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីគ្រាន់តែចង់ឲ្យមនុស្សលោកបានឃើញនោះ គឺប្រៀបបាននឹងបុរសខាងលើដូច្នោះឯង។ នៅថ្ងៃបរលោក គេនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញដោយគ្មានអំពើល្អអ្វីទៅជាមួយនោះឡើយ ក្នុងពេលដែលរូបគេមានសេចក្តីត្រូវការខ្លាំងបំផុតចំពោះវា(អំពើល្អ)។ តាមរយៈឧទាហរណ៍នេះដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។