Khmer Abridged Explanation of the Quran
3:19 - 3:19

ពិតប្រាកដណាស់ សាសនាដែលអល់ឡោះទទួលយកនោះ គឺសាសនាអ៊ីស្លាម។ វាគឺជាការគោរពតាមអល់ឡោះតែមួយគត់ ដោយការគោរពប្រតិបត្តិ និងប្រគល់ខ្លួនទៅចំពោះទ្រង់ដោយការគោរពសក្ការៈ ហើយមានជំនឿលើបណ្តាអ្នកនាំសារទាំងអស់(ពីមុនមក) រហូតដល់អ្នកនាំសារចុងក្រោយ គឺអ្នកនាំសារមូហាំម៉ាត់ ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចប់នូវសាររបស់ទ្រង់ត្រឹមគាត់(ដោយគ្មានព្យាការី និងអ្នកនាំសារណាម្នាក់បន្ទាប់ពីព្យាការីមូហាំម៉ាត់ទៀតឡើយ)។ ដូច្នេះ គេមិនត្រូវទទួលយកនូវច្បាប់បញ្ញត្តិណាផ្សេងក្រៅពីច្បាប់បញ្ញត្តិរបស់គាត់ឡើយ។ ហើយពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មិនបានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ និងមិនបានបែងចែកជាក្រុមនិងបក្សពួកឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេប៉ុណ្ណោះ ដែលជាការច្រណែនឈ្នានីស និងយកចិត្តទុកដាក់(ឲ្យតម្លៃ)លើលោកិយ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះជនណាដែលប្រឆាំងនិងបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។