Khmer Abridged Explanation of the Quran
3:152 - 3:152

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានសម្រេចឲ្យពួកអ្នកនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកអ្នក ដោយឲ្យពួកអ្នកយកឈ្នះលើសត្រូវនៅក្នុងសង្រ្គាមអ៊ូហ៊ុទ ខណៈដែលពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតអំពីទ្រង់។ លុះពេលដែលពួកអ្នកបានក្លាយជាជនកំសាក ហើយពួកអ្នកបានចុះខ្សោយដោយមិនអាចប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បានដាក់បទបញ្ជាមកលើពួកអ្នក ហើយពួកអ្នកបានខ្វែងយោបល់គ្នារវាងថាតើត្រូវប្រកាន់ទីតាំងរៀងៗខ្លួន ឬក៏ត្រូវបោះបង់ទីតាំងនោះហើយប្រមូលទ្រព្យជ័យភ័ណ្ឌ ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជារបស់អ្នកនាំសារដែលគាត់បានដាក់បញ្ជាឲ្យរក្សាទីតាំងរៀងៗខ្លួនទោះបីជាស្ថានភាពយ៉ាងណាក៏ដោយ។ ហេតុការណ៍នេះបានកើតឡើងក្រោយពីអល់ឡោះបានឲ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្តនៃការទទួលជ័យជម្នះលើពួកសត្រូវរបស់ពួកអ្នក។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានទ្រព្យជ័យភណ្ឌក្នុងលោកិយ ហើយពួកគេ គឺជាពួកដែលបានបោះបង់ទីតាំងឈរជើងរបស់ពួកគេ។ ហើយក្នុងចំណោមពួកអ្នកផងដែរ មានអ្នកដែលប្រាថ្នាចង់បានផលបុណ្យនៅថ្ងៃបរលោក ហើយពួកគេនោះ គឺពួកដែលរក្សាទីតាំងឈរជើងរបស់ពួកគេដោយគោរពតាមបទបញ្ជារបស់អ្នកនាំសារ។ ក្រោយមក អល់ឡោះបានផ្លាស់ប្តូរស្ថានភាពរបស់ពួកអ្នកដោយឲ្យពួកគេ(សត្រូវ)ទទួលបានជ័យជម្នះទៅលើពួកអ្នកវិញម្តង ដើម្បីជាការសាកល្បងពួកអ្នក។ នៅពេលនោះ នឹងលេចចេញអ្នកណាដែលមានជំនឿ ដែលអត់ធ្មត់លើការសាកល្បង ហើយអ្នកណាដែលទប់ជំហរបស់ខ្លយនមិនជាប់ និងមានកម្លាំងចិត្តទន់ខ្សោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់ពួកអ្នកទៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្តខុសដោយល្មើសនឹងបទបញ្ជារបស់អ្នកនាំសារទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ ខណៈដែលទ្រង់បានចង្អុលបង្ហាញពួកគេឲ្យមានជំនឿ និងបានអភ័យទោសឲ្យពួកគេលើទង្វើខុសឆ្គងរបស់ពួកគេ ហើយទ្រង់បានតបស្នងផលបុណ្យឲ្យពួកគេថែមទៀតចំពោះគ្រោះថ្នាក់របស់ពួកគេ(ដែលពួកគេបានជួបប្រទះ)នោះ។