ហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្ថិតក្នុងចំណោមពលទាហានក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធនឹងសត្រូវ ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ដូច្នេះចូរអ្នកបែងចែកទាហានជាពីរក្រុម ៖ មួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក ហើយឲ្យពួកគេកាន់អាវុធរបស់ពួកគេជាប់នឹងខ្លួនរបស់ពួកគេនៅក្នុងពេលសឡាត ហើយឲ្យមួយក្រុមផ្សេងទៀតនៅចាំការពារពួកអ្នក។ នៅពេលដែលក្រុមទីមួយសឡាតបានមួយរ៉ក្អាត់ជាមួយអ៊ីម៉ាំហើយនោះ គឺពួកគេត្រូវបំពេញសឡាតរៀងៗខ្លួន(ដោយមិនចាំបាច់តាមអ៊ីមុំានោះទេ)។ បើកាលណាពួកគេ(ក្រុមទីមួយ)បានសឡាតរួច ចូរឲ្យពួកគេនៅពីក្រោយខ្នងរបស់ពួកអ្នកដោយបែរមុខតម្រង់ទៅកាន់សត្រូវ ហើយឲ្យទាហានមួយក្រុមទៀតដែលនៅធ្វើជាឆ្មាំការពារ និងមិនទាន់បានសឡាតនោះ ឲ្យពួកគេចូលមកសឡាតចំនួនមួយរ៉ក្អាត់ជាមួយអ៊ីម៉ាំ។ នៅពេលដែលអ៊ីម៉ាំបានឲ្យសាឡាម ចូរឱ្យពួកគេបំពេញនូវអ្វីដែលនៅខ្វះអំពីការសឡាតរបស់ពួកគេ និងចូរឲ្យពួកគេប្រុងប្រយ័ត្នចំពោះសត្រូវរបស់ពួកគេ ព្រមទាំងកាន់អាវុធជាប់នឹងខ្លួនរបស់ពួកគេ(ជានិច្ច)។ ពិតប្រាកដណាស់ ពួកសត្រូវមានបំណងចង់ឲ្យពួកអ្នកធ្វេសប្រហែសពីសព្វាវុធ និងសម្ភារៈសឹកផ្សេងៗរបស់ពួកអ្នក ខណៈពេលដែលពួកអ្នកកំពុងសឡាតនោះ ដើម្បីពួកគេវាយសង្រ្គប់មកលើពួកអ្នកតែម្តង ហើយពួកគេនឹងសម្លាប់ពួកអ្នកខណៈដែលពួកអ្នកភ្លេចខ្លួន។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការ(ដែលពួកអ្នក)ទុកដាក់អាវុធរបស់ពួកអ្នករៀងៗខ្លួនដោយពួកអ្នកមិនកាន់វាជាប់នឹងខ្លួន ប្រសិនបើពួកអ្នកជួបនឹងឧបសគ្គដូចជា មានភ្លៀង ឬក៏ពួកអ្នកមានជំងឺជាដើមនោះ តែពួកអ្នកត្រូវប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្រូវទៅតាមសមត្ថភាពរបស់ពួកអ្នក ។ ពិតប្រាកដណាស់ អល់ឡោះបានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌកម្មដ៏អាម៉ាសបំផុត។