ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្រ្តី និងអ្វីដែលជាកាតព្វកិច្ចចាំបាច់ចំពោះពួកនាង។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសួរអំពីវា ហើយនិងបំភ្លឺដល់ពួកអ្នកនូវអ្វីដែលត្រូវបានគេសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានដែលពាក់ព័ន្ធនឹងក្មេងស្រីកំព្រាទាំងឡាយដែលស្ថិតនៅក្រោមការមើលថែររបស់ពួកអ្នក ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលអល់ឡោះបានកំណត់ឲ្យពួកនាង ដូចជាប្រាក់ខាន់ស្លា ឬក៏ទ្រព្យកេរមរតក ហើយពួកអ្នកក៏គ្មានបំណងរៀបការជាមួយពួកនាងនោះដែរ ព្រមទាំងបានរារាំងពួកនាងមិនឱ្យរៀបការ ព្រោះតែភាពលោភលន់ចង់បានទ្រព្យសម្បត្តិរបស់នាងថែមទៀត។ ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរនូវកាតព្វកិច្ចដែល(ពួកអ្នក)ត្រូវទទួលខុសត្រូវចំពោះកុមារដែលមានភាពទន់ខ្សោយ ដូចជាការប្រគល់ឲ្យពួកគេនូវទ្រព្យកេរមរតក(របស់ពួកគេ)ជាដើម ដោយពួកអ្នកមិនត្រូវបំពានលើពួកគេក្នុងការត្រួតត្រាលើទ្រព្យសម្បត្តិរបស់ពួកគេនោះឡើយ។ ហើយទ្រង់ក៏នឹងបំភ្លឺដល់ពួកអ្នកចំពោះកាតព្វកិច្ចដែលត្រូវចាំបាច់ត្រូវបំពេញចំពោះក្មេងកំព្រាប្រកបដោយភាពយុត្តិធម៌នូវអ្វីដែលនាំផលប្រយោជន៍សម្រាប់ពួកគេទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ហើយប្រការទាំងឡាយដែលពួកអ្នកបានធ្វើល្អចំពោះក្មេងកំព្រា និងអ្នកដទៃទៀតនោះ ពិតប្រាកដណាស់អល់ឡោះដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងវាដល់ពួកអ្នកវិញ។