ហើយយើងបានដាក់បណ្តាសារពួកគេដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយប្រកបដោយភាពមោទន និងកុហកបោកប្រាស់គេថាៈ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី) ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ដូចដែលពួកគេបានអះអាងនោះឡើយ ហើយពួកគេក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ (តាមពិត) ពួកគេបានសម្លាប់បុរសម្នាក់(ផ្សេងពីព្យាការីអ៊ីសា)ដែលអល់ឡោះបានធ្វើឲ្យរួបគេដូចទៅនឹងព្យាការីអ៊ីសា ហើយពួកគេក៏បានយកបុរសនោះទៅចងឆ្កាងដោយពួកគេគិតថា អ្នកដែលត្រូវបានសម្លាប់នោះ គឺជាព្យាការីអ៊ីសា។ ហើយពួកយូដាដែលអះអាងថាបានសម្លាប់គាត់(ព្យាការីអ៊ីសា) និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)ដែលទទួលយកបុរសដែលគេបានសម្លាប់នោះ(បុរសដែលដូចនឹងព្យាការីអ៊ីសា) ពួកគេទាំងពីរក្រុមស្ថិតនៅក្នុងការខ្វែងយោបល់គ្នានិងមានក្តីមន្ទិលសង្ស័យ ដោយពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ។ តាមពិតពួកគេគ្រាន់តែតាមការស្មានប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។ ពួកគេមិនបានសម្លាប់ព្យាការីអ៊ីសា(យេស៊ួគ្រឹស្ទ)នោះទេ ហើយពួកគេក៏មិនបានឆ្កាងគាត់នោះដែរ។