ឱបណ្តាអ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំល្មើសនឹងប្រការបម្រាមទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យលើកតម្កើងវា ហើយចូរពួកអ្នកកុំបំពាននូវប្រការបម្រាមទាំងឡាយ(ដែលគេហាមឃាត់ពួកអ្នក)ក្នុងពេលកាន់តំណមអៀសរ៉ម ដូចជាការស្លៀកសម្លៀកបំពាក់ដែលមានថ្នេរ ហើយនិងប្រការទាំងឡាយដែលគេហាមឃាត់នៅក្នុងទឹកដីពិសិដ្ឋ ដូចជាការបរបាញ់សត្វ។ ហើយចូរពួកអ្នកកុំល្មើសដោយធ្វើសង្គ្រាមនៅក្នុងបណ្តាខែពិសិដ្ឋ (នោះគឺខែហ្ស៊ុលកៀកហ្ទះ ខែហ្ស៊ុលហិជ្ជះ ខែមូហារ៉ម និងខែរ៉ហ្ជប់)ឱ្យសោះ។ ហើយចូរពួកអ្នកកុំល្មើសចំពោះសត្វពាហនៈដែលគេផ្តល់ជាជំនូនទៅកាន់កាក់ហ្ពះដើម្បីសំឡេះជូនចំពោះអល់ឡោះនៅទីនោះ តាមរយៈការប្លន់យកឬរារាំងមិនឱ្យគេនាំយកវាទៅដល់កន្លែងសំឡេះរបស់វា។ ហើយចូរពួកអ្នកកុំល្មើសចំពោះសត្វពាហនៈដែលមានពាក់ប្រឡៅកអំពីរោម ឬផ្សេងពីនេះ ដើម្បីជាសញ្ញាសម្គាល់ថាវាជាសត្វជំនូននោះ។ ហើយចូរពួកអ្នកកុំបំពានចំពោះអ្នកទាំងឡាយណាដែលមានបំណងមកពៃតុលហារ៉មដើម្បីស្វែងរកការចំណេញពីការធ្វើជំនួញ និងស្វែងរកការពេញចិត្តពីអល់ឡោះឱ្យសោះ។ ហើយនៅពេលណាដែលពួកអ្នកបានបញ្ចប់តំណមអៀហរ៉មហាជ្ជី ឬអុំរ៉ោះ ហើយពួកអ្នកបានចាកចេញពីទឹកដីពិសិដ្ឋហើយនោះ គឺពួកអ្នកអាចបរបាញ់សត្វបានប្រសិនបើពួកអ្នកចង់។ ហើយចូរពួកអ្នកកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមដែលបានរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉ម ធ្វើឱ្យពួកអ្នកបំពាននិងបោះបង់ការធ្វើយុត្តិធម៌ចំពោះពួកគេឱ្យសោះ។ ហើយចូរពួកអ្នក(ឱបណ្តាពួកដែលមានជំនឿ)សហការគ្នាក្នុងការធ្វើនូវទង្វើដែលគេបង្គាប់ប្រើចំពោះពួកអ្នកឱ្យធ្វើវា និងបោះបង់ចោលនូវអ្វីដែលគេបានហាមឃាត់ចំពោះពួកអ្នក ហើយមិនត្រូវសហការគ្នាលើអំពើទុច្ចរិតដែលនាំមកនូវបាបកម្មដល់អ្នកដែលប្រព្រឹត្ត ព្រមទាំងបង្កភាពជាសត្រូវទៅលើម៉ាខ្លូក(របស់អល់ឡោះ)ចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេឡើយ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិ និងចៀសឆ្ងាយពីការប្រព្រឹត្តល្មើសចំពោះទ្រង់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនដែលល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការដាក់ទោសរបស់ទ្រង់។