ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ហើយពួកអ្នកមានហាហ្ទាសតូច(មិនទាន់មានទឹកវូហ្ទុ) ចូរពួកអ្នកយកទឹកវូហ្ទុ ដោយពួកអ្នកត្រូវលាងមុខ និងលាងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើពួកអ្នកជាអ្នកដែលមានហាហ្ទាសធំវិញនោះ ពួកអ្នកត្រូវងូតទឹក(ងូតទឹកជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺដែលពួកអ្នកខ្លាចជំងឺនោះកាន់តែធ្ងន់ធ្ងរ ឬមិនងាយនឹងជាសះស្បើយ ឬក៏ពួកអ្នកជាអ្នកដំណើរដែលមានសុខភាពល្អធម្មតា ឬក៏មានហាហ្ទាសតូចដោយសារការបន្ទោរបង់ ឬមានហាហ្ទាសធំដោយសារការរួមភេទជាមួយភរិយា ហើយពួកអ្នកគ្មានទឹកដើម្បីជម្រះសម្អាតក្រោយពីព្យាយាមស្វែងរកទឹកហើយនោះ ដូចនេះ ចូរពួកអ្នកប្រើប្រាស់ដីស្អាត(ដើម្បីតាយ៉ាំមុម)ចុះ ដោយពួកអ្នកត្រូវវាយដីនោះនឹងដៃរបស់ពួកអ្នក ហើយជូតមុខ និងជូតដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឲ្យពួកអ្នកមានការលំបាកក្នុងការអនុវត្តច្បាប់របស់ទ្រង់ដោយឲ្យពួកអ្នកដាច់ខាតត្រូវតែប្រើប្រាស់ទឹកដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ពួកអ្នកនោះទេ។ ដូច្នោះហើយទើបទ្រង់បង្គាប់ប្រើពួកអ្នកឲ្យ(ប្រើដីស្អាត)ជំនួសវិញនៅពេលដែលមានឧបសគ្គ(មិនអាចប្រើប្រាស់ទឹកបាន)ចំពោះអ្នកជំងឺឬក៏ពេលគ្មានទឹកនោះដើម្បីជាការបំពេញនូវឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក ហើយពួកអ្នកនឹងមិនរមិលគុណចំពោះឧបការគុណទាំងនោះឡើយ។