Khmer Abridged Explanation of the Quran
5:97 - 5:97

អល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាគេហដ្ឋានដ៏ពិសិដ្ឋ គឺជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាទីកន្លែងទ្រទ្រង់កិច្ចការសាសនារបស់ពួកគេ ដូចជាការប្រតិបត្តិសឡាត ការធ្វើហាជ្ជីនិងអុំរ៉ោះ និងក៏ជាទីកន្លែងផ្តល់ផលប្រយោជន៍លោកិយដល់ពួកគេផងដែរតាមរយៈ(ការផ្តល់)សុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋនោះ ហើយផលានុផលគ្រប់យ៉ាងត្រូវបានគេប្រមូលយកទៅកាន់ទីនោះ។ ហើយទ្រង់បានចាត់ទុកខែបម្រាម(គឺខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហ៊ិជ្ជះ មូហារ៉ម និងខែរ៉ហ្ជប់) ជាការជួបជុំរបស់ពួកគេ តាមរយៈផ្តល់ឲ្យពួកគេនូវសុខន្តិភាពនៅក្នុងខែទាំងនោះពីការធ្វើសង្គ្រាមផ្សេងៗចំពោះពួកគេ។ ហើយទ្រង់បានបង្កើតសត្វជំនូន និងសត្វដែលគេបំពាក់ប្រឡៅកដែលជាសញ្ញាបញ្ជាក់ថា វាត្រូវបានគេនាំទៅកាន់ទឹកដីដ៏ពិសិដ្ឋ ដើម្បីផ្តល់សុវត្ថិភាពដល់ម្ចាស់សត្វទាំងនោះពីការបង្កគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេ។ អ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកទាំងអស់នោះ គឺដើម្បីឲ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតចំពោះអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី ហើយពិណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ការដែលទ្រង់ដាក់បញ្ញត្តិច្បាប់ដូច្នោះ(ដើម្បីផ្តល់ប្រយោជន៍ដល់ពួកអ្នក និងការពារពួកអ្នកពីគ្រោះថ្នាក់មុននឹងគ្រោះថ្នាក់នោះអាចកើតឡើង) គឺជាភស្តុតាងបញ្ជាក់ទៅលើការដឹងរបស់ទ្រង់ចំពោះអ្វីដែលផ្តល់ប្រយោជន៍ដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់។