ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ពុំមែនស្ថិតនៅលើការធ្វើតាមទំនើងចិត្តនោះទេ តែពួកអ្នកបែរជាបដិសេធមិនជឿលើភស្តុតាងនេះទៅវិញ។ ខ្ញុំគ្មានទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់នោះទេ ហើយខ្ញុំក៏គ្មានសញ្ញាភស្តុតាងដ៏អស្ចារ្យទាំងឡាយដែលពួកអ្នកបានទាមទារនោះដែរ។ តាមពិត រឿងទាំងនោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នោះ ការកាត់សេចក្តី(ដែលក្នុងចំណោមនោះ ក៏មានអ្វីដែលពួកអ្នកបានស្នើសុំដែរនោះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានបន្ទូលការពិត ហើយទ្រង់នឹងកាត់សេចក្តីនឹងវា។ ហើយទ្រង់ជាអ្នកដែលល្អបំផុតក្នុងការវែកញែក និងបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវអ្នកដែលស្ថិតនៅលើផ្លូវពិត និងអ្នកដែលស្ថិតនៅលើផ្លូវខុស។