Khmer Abridged Explanation of the Quran
6:119 - 6:119

តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)មិនឲ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំលឹកព្រះនាមអល់ឡោះជាម្ចាស់ទៅលើវានោះ? ជាការពិតណាស់ អល់ឡោះបានបញ្ជាក់ដល់ពួកអ្នកទាំងអស់គ្នារួចហើយពីប្រការដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នកទាំងអស់គ្នា។ ដូច្នេះ ចាំបាច់លើពួកអ្នកត្រូវបោះបង់វា(ប្រការដែលគេហាមឃាត់)ចោល លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ ពីព្រោះភាពចាំបាច់ អាចធ្វើឲ្យប្រការដែលគេហាមឃាត់ក្លាយជាប្រការដែលគេអនុញ្ញាតវិញបាន។ ហើយជាការពិតណាស់ មានពួកមុស្ហរីគីនជាច្រើនបានធ្វើឲ្យអ្នកដែលដើរតាមពួកគេឃ្លាតឆ្ងាយពីប្រការពិតព្រោះតែគំនិតដ៏អាក្រក់របស់ពួកគេដោយសារតែភាពអវិជ្ជាដែលកើតចេញពីពួកគេ ខណៈដែលពួកគេអនុញ្ញាត(ឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបានដាក់បម្រាមហាមឃាត់លើពួកគេ(មិនឲ្យទទួលទាន) ដូចជាសត្វដែលស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវ)ជាដើម ហើយពួកគេដាក់បម្រាមហាមឃាត់(មិនឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបានអនុញ្ញាតដល់ពួកគេ ដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាល់វ៉ាស៊ីឡះ និង អាល់ហាមី និងសត្វផ្សេងទៀតជាដើម។ ជាការពិតណាស់ ម្ចាស់របស់អ្នក (ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកដែលបំពានទាំងនោះលើការដែលពួកគេបំពានព្រំដែនរបស់ទ្រង់។