តើអ្នកដែលមុននឹងទទួលបានការចង្អុលបង្ហាញពីអល់ឡោះជាម្ចាស់នោះ គឺគេស្ថិតក្នុងភាពជាមនុស្សស្លាប់ (ព្រោះរូបគេកំពុងស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះ) ហើយក្រោយមក យើងបានធ្វើឲ្យគេរស់ឡើងវិញតាមរយៈការចង្អុលបង្ហាញរូបគេទៅកាន់សេចក្តីជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ មានភាពស្មើគ្នាជាមួយនឹងអ្នកដែលស្ថិតនៅក្នុងភាពងងឹតនៃភាពគ្មានជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះដែលពួកគេមិនមានលទ្ធភាពចាកចេញពីប្រការទាំងអស់នេះបាននោះដែរឬទេ? ដូចដែលគេបានលម្អសម្រាប់ពួកមុស្ហរីគីនទាំងនោះនូវអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវា ដូចជាប្រការស្ហ៊ីរិក ការទទួលទានសត្វស្លាប់ និងការជជែកដេញដោលគ្នាលើប្រការដែលមិនពិតនោះដែរ គេក៏នឹងលម្អរផងដែរចំពោះពួកប្រឆាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តនៃអំពើល្មើសទាំងនោះ ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏ឈឺចាប់។