Khmer Abridged Explanation of the Quran
6:141 - 6:141

ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតនូវចម្ការច្បារដំណាំជាច្រើនដែលលាតសន្ធឹងនៅលើផែនដីដោយ(ដំណាំខ្លះ)មិនឡើងទ្រើង ហើយមានដំណាំខ្លះទៀតដុះឡើងទ្រើង។ ហើយទ្រង់បានបង្កើតដើមល្មើ ព្រមទាំងដំណាំផ្សេងៗជាច្រើនទៀតដែលផ្លែរបស់វាមានរូបរាង និងរសជាតិផ្សេងៗពីគ្នា។ ទ្រង់ក៏ជាអ្នកដែលបានបង្កើតផ្លែអូលីវ និងផ្លែទទឹម ដែលស្លឹករបស់វាមានលក្ខណៈ(និងរូបរាង)ស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វាវិញ)មានរសជាតិផ្សេងគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃដែលពួកអ្នកប្រមូលផល។ ហើយចូរពួកអ្នកកុំបំពានព្រំដែននៃក្បួនច្បាប់ដែលបានកំណត់ក្នុងការបរិភោគនិងការបរិច្ចាគនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃច្បាប់បញ្ញត្តិរបស់ទ្រង់ដែលទ្រង់បានកំណត់នោះទេ មិនថាចំពោះរឿងទាំងពីរនេះ ឬរឿងផ្សេងទៀតនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះគេ។ ពិតណាស់ អ្នកដែលបានបង្កើតនូវអ្វីៗទាំងអស់នោះ ទ្រង់នោះហើយគឺជាអ្នកដែលអនុញ្ញាតដល់ខ្ញុំបម្រើរបស់ទ្រង់(ឲ្យទទួលទានវា) ហើយជាពិតណាស់ ពួកមុស្ហរីគីនគ្មានសិទ្ធិហាមឃាត់ពួកគេ(មិនឲ្យទទួលទាន)នោះទេ។