Khmer Abridged Explanation of the Quran
6:158 - 6:158

ពួកដែលបដិសេធទាំងនោះគ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹង)និងបរិវារបស់គេ(ម៉ាលីគុលម៉ោត)មកដល់ពួកគេដើម្បីដកយកព្រលឹងរបស់ពួកគេពីលោកិយនេះ ឬក៏ការមកដល់នៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាថ្ងៃកាត់សេចក្តី(ថ្ងៃបរលោក)ដើម្បីកាត់សេចក្តីរវាងពួកគេ ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកដែលបង្ហាញពីការ(ជិត)មកដល់នៃថ្ងៃបរលោកនោះឡើយ។ នាថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកបានមកដល់ (ដូចជាថ្ងៃរះពីទិសខាងលិចជាដើម) ការមានជំនឿរបស់ពួកប្រឆាំងនោះ គឺគ្មានប្រយោជន៍អ្វីដល់គេឡើយ ហើយចំពោះអ្នកមានជំនឿវិញ ក៏គ្មានបានផលប្រយោជន៍អ្វីដល់រូបគេដូចគ្នា ប្រសិនបើគេមិនបានសាងទង្វើកុសលពីមុនមកទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នករង់ចាំប្រការណាមួយក្នុងចំណោមប្រការទាំងនេះចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។