ហើយយើងបានកត់ត្រាឲ្យព្យាការីមូសានៅលើផែនចារិកដែលធ្វើអំពីឈើឬពីអ្វីផ្សេងទៀតនោះនូវរាល់អ្វីៗដែលអម្បូរអ៊ីស្រាអែលត្រូវការចំពោះវាទាំងបញ្ហាទាក់ទងនឹងកិច្ចការសាសនានិងកិច្ចការលោកិយរបស់ពួកគេ និងជាការទូន្មានសម្រាប់អ្នកដែលយកជាមេរៀនក្នុងចំណោមពួកគេ ហើយក៏ជាការបកស្រាយបំភ្លឺនូវបណ្តាច្បាប់នានាដែលត្រូវការការស្រាយបំភ្លឺ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកគម្ពីរតាវរ៉តនេះដោយខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់។ ហើយចូរអ្នកបង្គាប់ប្រើក្រុមរបស់អ្នកដែលជាអម្បូរអ៊ីស្រាអែលឲ្យពួកគេទទួលយកដោយល្អប្រសើរបំផុតនូវអ្វីដែលមានក្នុងវា(គម្ពីរតាវរ៉ត)នៃអ្វីដែលអាចទទួលបាននូវផលបុណ្យធំធេង ដូចជា ការអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើឲ្យបានពេញលេញ ក៏ដូចជា ការអត់ធ្មត់ និងការអធ្យាស្រ័យជាដើម។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួកដែលអនុវត្តផ្ទុយពីបទបញ្ជារបស់យើង ហើយចាកចេញពីការប្រតិបត្តិមកចំពោះយើង ហើយនិងភាពវិនាសកម្ម និងគ្រោះអន្តរាយដែលពួកគេនឹងត្រូវទទួល។