Khmer Abridged Explanation of the Quran
17:33 - 17:33

ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែលអល់ឡោះបានការពារឈាម(អាយុជីវិត)របស់គេ តាមរយៈការមានជំនឿ ឬតាមរយៈការផ្តល់សុវត្ថិភាពឲ្យសោះ លើកលែងតែអ្នកដែលមានមូលហេតុត្រឹមត្រូវដែលត្រូវសម្លាប់ប៉ុណ្ណោះ ដូចជាអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកដែលប្រព្រឹត្តហ្ស៊ីណាបន្ទាប់ពីរៀបការហើយ ឬការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ហើយអ្នកដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ដោយពុំមានមូលហេតុស្របច្បាប់ដែលត្រូវសម្លាប់ទេនោះ ជាការពិតណាស់ យើងបានប្រគល់ឲ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមត៌កពីគេនោះ នូវសិទ្ធិចាត់ចែងទៅលើឃាតករដែលបានសម្លាប់គេ។ ដូចនេះ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ)អាចទាមទារឲ្យសម្លាប់ឃាតករនោះវិញដោយអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ឬក៏អាចអភ័យទោស(មិនសម្លាប់)ឲ្យឃាតករតែម្តងដោយមិនទាមទារសំណង ឬអភ័យទោសឲ្យឃាតករដោយទាមទារសំណង។ ប៉ុន្តែ គេមិនត្រូវបំពានព្រំដែនដែលអល់ឡោះបានអនុញ្ញាតដល់គេនោះទេ ដូចជាការយកសាកសព(ឃាតករដែលស្លាប់)ទៅធ្វើទារុណកម្ម ឬក៏សម្លាប់អ្នកផ្សេងដែលមិនមែនជាឃាតករជាដើម។ ពិតប្រាកដណាស់ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ) គឺត្រូវបានគេជួយពង្រឹង និងជួយការពារ។