ហើយនៅពេលដែលមហន្តរាយ និងប្រការអាក្រក់ផ្សេងៗបានកើតឡើងចំពោះពួកអ្នក(ពួកមុស្ហរីគីន)នៅលើផ្ទៃសមុទ្ររហូតដល់ធ្វើឲ្យពួកអ្នកមានការភ័យខ្លាចទទួលនូវវិនាសកម្មនោះ អ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈក្រៅពីអល់ឡោះនោះបានបាត់បង់ពីចិត្តរបស់ពួកអ្នកអស់ ហើយពួកអ្នកមិននឹកឃើញ(ពួកវា)នោះទេ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយពួកអ្នកក៏បានសុំជំនួយពីទ្រង់។ ក៏ប៉ុន្តែនៅពេលដែលទ្រង់បានជួយពួកអ្នក និងធ្វើឲ្យពួកអ្នកមានសុវត្ថិភាពពីអ្វីដែលពួកអ្នកមានការភ័យខ្លាច និងបានសង្រ្គោះពួកអ្នកឲ្យបានមកដល់លើគោកនោះ ពួកអ្នកបែរជាងាកចេញពីការមានជំនឿចំពោះទ្រង់តែមួយគត់ និង(ងាកចេញពី)ការបួងសួងសុំចំពោះទ្រង់តែមួយគត់ ហើយពួកអ្នកបានវិលត្រឡប់ទៅរកព្រះនានារបស់ពួកអ្នកទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។