បទបញ្ជាដែលគេប្រើពួកអ្នកឲ្យធ្វើវា(ដូចជាការតាហាល់លុល(ផ្តាច់ខ្លួនចេញពីអៀហរ៉ម)ដោយការកោរសក់ ការកាត់ក្រចក ការសម្អាតប្រការដែលកខ្វក់ ការបំពេញនូវពាក្យសច្ចា និងការតវ៉ាហ្វជុំវិញកាក់ហ្ពះ) ទាំងនោះគឺជាអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចមកលើពួកអ្នក។ ហេតុនេះ ចូរពួកអ្នកលើកតម្កើងនូវអ្វីដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចចំពោះពួកអ្នកចុះ។ ហើយជនណាដែលបានចៀសវាងពីអ្វីដែលអល់ឡោះបានបង្គាប់ប្រើឲ្យចៀសវាងអំពីវាក្នុងពេលកាន់តំណមអៀហរ៉ម ជាការលើកតម្កើងរបស់គេចំពោះច្បាប់របស់អល់ឡោះនោះ គឺជាការប្រសើរសម្រាប់គេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកចំពោះម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវសត្វពាហនៈទាំងឡាយ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូចនេះ គេមិនហាមឃាត់ចំពោះពួកអ្នក(មិនឲ្យទទួលទាន)អំពីវានោះទេ មិនថា ហាមី ហ្ពាហ៊ីរ៉ោះ និងវ៉ាស៊ីឡះ នោះឡើយ។ ពិតណាស់ គេមិនហាមឃាត់ពួកអ្នកអំពីវានោះទេ លើកលែងតែអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន(ដែលបញ្ជាក់ពីការហាមឃាត់មិនឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាសត្វស្លាប់តៃហោង ឈាម និងផ្សេងពីវាទាំងពីរ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីរាល់ពាក្យសម្តីដែលមិនត្រឹមត្រូវ ដែលជាការភូតកុហកទៅលើអល់ឡោះ ឬទៅលើម៉ាខ្លូករបស់ទ្រង់។